ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណេត

February 01, 2018

Filed under:

ចែករំលែក:

សហគមន៍​អន្តរជាតិ​នឹង​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ចុង​ខែ​កុម្ភៈ

at  February 01, 2018 -  by Admin

(ពី​ស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយក​អង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករង​នៃ​ឧត្តមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​ការិយាល័យ​តំបន់​អាស៊ីអាគ្នេយ៍ និង​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។

ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា សហគមន៍​អឺរ៉ុប និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នឹង​ប្រើ​វិធានការ​បន្ថែម​គឺ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដល់​រដ្ឋាភិបាល​កម្ពុជា​នៅ​ចុង​ខែ​កុម្ភៈ​ខាងមុខ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ មនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបើតសិន (Phil Robertson) បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ប្រទេស​ចំនួន ២៨ ក្នុង​សហគមន៍​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​មួយ នៅ​ចុងខែ​កុម្ភៈ ខាងមុខ ក្នុង​ទីក្រុង​ប្រ៊ូចសែល (Brussels) ប្រទេស​ប៊ែលហ្សិក (Belgium) ដើម្បី​ប្រើ​វិធានការ​ក្ដៅ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ខាង​វិស័យ​កាត់ដេរ ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោក​បន្ត​ថា ចំណែក​ខាង​សហរដ្ឋអាមេរិក​ឯណោះ​វិញ ក្រុម​សមាជិក​ព្រឹទ្ធសភា របស់​ប្រទេស​មហាអំណាច​មួយ​នេះ​វិញ ក៏​នឹង​បញ្ចេញ​ច្បាប់​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​កម្ពុជា​ដែរ៖ «អ្វី​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ពេល​នេះ​គឺ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ទាំងពីរ​គណបក្ស​រួមមាន​លោក ចន ម៉ាកឃែន (John MacCain) លោក ប៊ែន ខាដិន (Ben Cardin) និង​លោក ឌីក ឌឺប៊ិន (Dick Durbin) នឹង​ធ្វើ​ច្បាប់​ពិសេស​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​លោក ហ៊ុន សែន។ ច្បាស់​ណាស់​ទៅ​ហើយ លោក ហ៊ុន សែន គ្មាន​ប្រជាប្រិយភាព ហើយក៏​គ្មាន​សម្ពន្ធមិត្ត​ណាមួយ​ក្នុង​រដ្ឋសភា​នោះ​ទេ ដោយ​បុរស​ម្នាក់ នេះ​គាត់​ជា​ជន​ផ្ដាច់ការ ជា​ជើងកាង ជា​មេ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​បុរស​ម្នាក់​សម​នឹង​ទទួល​នូវ​ទណ្ឌកម្ម។ ចំណែក​សហគមន៍​អឺរ៉ុប​វិញ ក៏​កំពុង​រៀបចំ​វិធានការ​ជាក់លាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែរ។ ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​របស់​សហគមន៍​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន​មួយ នៅ​ចុងខែ​កុម្ភៈ​ខាងមុខ ដែល​ជា​វិធានការ​ក្ដៅ​ទៅលើ​រដ្ឋាភិបាល លោក ហ៊ុន សែន តែម្ដង»។

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​ដាក់ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​នៅ​ឡើយ​ទេ។

ប៉ុន្តែ​លោក ហ៊ុន សែន កន្លង​មក​ធ្លាប់​បង្ហាញ​មោទនភាព​ថា លោក​មិន​ខ្វល់​អំពី​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​របស់​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ៖ «អស់​លោក​សង្ឃឹម​ណាស់​ថា បន្តិច​ទៀត​រដ្ឋបាល​ភ្នំពេញ​នឹង​គាំង​ងាប់​ហ្មង។ សូម​ផ្ដាំ​ទៅ​អា​ពៅ សម័យ​ដើម ស៊ី​បាយ​ធ្វើ​ការ​ដូរ​អង្ករ។ ហែង​ហ៊ុមព័ទ្ធ​អញ អញ​រស់​បាន។ រឿង​អី​មក​ដល់​ប៉ុណ្ណឹង​ហើយ​រស់​មិន​បាន»។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​សហជីព​កម្មករ​ព្រមាន​ថា ប្រសិន​បើ កម្ពុជា​ទទួលរង​ទណ្ឌកម្ម​ទាំង​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​មែន នោះ​វា​នឹង​ប៉ះទង្គិច​ខ្លាំង​ដល់​កម្មករ​ខ្មែរ ជាង ៤​សែន​នាក់ និង​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ។ ប្រធាន​សហជីព​ស៊ីខៅឌូ លោក អាត់ ធន់ បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ កម្មករ​រាប់​ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ​ធ្វើ ហើយ​លទ្ធភាព​នៃ​ការ​នាំ​ទំនិញ​របស់​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​នឹង​ជួប​វិបត្តិ​ធំ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​មានការ​បារម្ភ​នៅ​ពេល​ណា​មានការ​គំរាម​ដាក់​ទណ្ឌកម្ម ពាក់ព័ន្ធ​នឹង​ការនាំចេញ ឬ​ពាណិជ្ជកម្ម​ផ្សេងៗ ដោយសារ​ពេល​បច្ចុប្បន្ន​ហ្នឹង​ការនាំចេញ​ភាគច្រើន​គឺ​វិស័យ​កាត់ដេរ ហើយ​នាំ​ហ្នឹង​ទៅ សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ហ្នឹង​គឺ​ច្រើន​ជាង​គេ។ បើ​យើង​គិត​ទៅ​ប្រហែល ជា ៧០ ទៅ​៨០ ភាគរយ​ទៅ​ហើយ អញ្ចឹង​បើ​សិន​ជា​មាន ការ​ដាក់​ទណ្ឌកម្ម​ហ្នឹង គឺ​ខ្ញុំ​មាន​ការ​បារម្ភ​មែនទែន​អំពី​លទ្ធភាព​នៃ​ការ រក​ការងារ​សម្រាប់​កម្មករ»។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាក់​សំពាធ​របស់​សហគមន៍​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​អ្នកស្រី នីគី ហាលី (Niki Haley) ដើម្បី​ឲ្យ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស ការប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ខុសច្បាប់ ការ​រំលាយ​បក្ស​ប្រឆាំង ការ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ព្រមទាំង​ហាម​មិន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់ ធ្វើ​នយោបាយ​ទៀត​ផង។ ពួកគេ​ជំរុញ​ឲ្យ​អ្នកស្រី នីគី ហាលី ប្រើ​ឥទ្ធិពល​របស់​អាមេរិក​ក្នុង​ការ​ដាក់​លោក ហ៊ុន សែន ឲ្យ​នៅ​ឯ​ក្រៅ​ពី​ពិភពលោក៕អត្ថបទ និង រូបភាព RFA

វិទ្យុអាស៊ីសេរីខេមរៈភាសា RFA

Live Webcast from Khmer Rouge tribunal

វិទ្យុសំលេងសហរដ្ឋអាមេរិក VOA

Live Webcast from Khmer Rouge tribunal

វិទ្យុបារាំងអន្តរជាតិខេមរៈភាសា FRI

Live Webcast from Khmer Rouge tribunal

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC

Live Webcast from Khmer Rouge tribunal
© 2019 HEMCHEATV | E-mail:hemchea.info@gmail.com |Tel:+855 (0) 10 913 007 .
PHNOM PENH |CAMBOIDA
back to top