ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណេត

January 26, 2018

Filed under:

ចែករំលែក:

កម្ពុជា​កំពុង​ដឹកនាំ​ទៅ​រក​របប​យោធា​ផ្ដាច់ការ​និយាម​និង​គ្រួសារ​និយម

at  January 26, 2018 -  by Admin

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
អ្នកឃ្លាំមើល​សង្គម​អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​កម្ពុជា បច្ចុប្បន្ន​គឺ​ជា​ការ​ដឹកនាំ​បែប​យោធា​និយម ផ្ដាច់ការ និង​ជា​ការ​ដឹកនាំ​មួយ​ដែល​ក្រុម​យោធា​ព្យាយាម​ដំឡើង​បុណ្យ​សក្ដិ​ទាយាទ​របស់​ខ្លួន​ឲ្យ​ស្នង​តំណែង​បន្ត ដើម្បី​ការពារ​អំណាច​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។
​ក្រុម​អ្នក​វិភាគ​វាយ​តម្លៃ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ដ៏​ធំ​របស់​ខ្លួន​ទៅ​រក​វណ្ណៈ​យោធា​ផ្ដាច់ការ​និយម​មួយ​ដែល​កំពុង​ចាក់​ឫស​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​សង្គម​ដ៏​ស្មុគស្មាញ​ញាំញី​ទៅ​ដោយ​គ្រួសារ​និយម បក្ខពួក​និយម ក្នុង​បុព្វហេតុ​ការពារ​អំណាច ទ្រព្យសម្បត្តិ និង​ការ​ក្ដោបក្ដាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​មូល។
​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា ក្រុម​យោធា​ជាតិ​បាន​ចាប់​ផ្ដើម​រំលោភ​ភារកិច្ច​របស់​ក្រសួង​មហាផ្ទៃ ដូចជា​ករណី​រៀបចំ​សណ្ដាប់​សាធារណៈ​ជា​ជាង​កិច្ចការ​ព្រំដែន និង​បាន​ចាប់​ផ្ដើម​ចេញ​មុខ​ស៊ើបអង្កេត​ក្នុង​ហេតុផល​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌។ នៅ​ស្រប​គ្នា​នេះ ដឹកនាំ​យោធា​ក៏​បាន​ចាប់​ផ្ដើម​ប្រញាប់ប្រញាល់​តែងតាំង​ទាយាទ និង​សាច់ញាតិ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ដែរ៖ «របប​យោធា​នេះ​មិន​មែន​មាន​ទម្រង់​តែ​របប​យោធា​ធម្មតា​ទេ ប៉ុន្តែ​វា​ជា​របប​យោធា​ត​ពូជ។ គឺ​ក្នុង​គ្រួសារ​មួយ​ចេះ​តែ​ត​គ្នា​អ៊ីចឹង​ទៅ»
​ការ​តែងតាំង​ក្រុម​ទាយាទ​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់ ធ្វើ​ឡើង​រាប់​ចាប់​តាំង​ពី​កូនៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​មន្ត្រី​យោធា​គ្រាក់ៗ​មួយ​ចំនួន​ទៀត។
លោក ហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​ជួរ​កងទ័ព ក្នុង​នោះ​តែងតាំង​ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ជា​មេបញ្ជាការ​រង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។
​បន្ទាប់​មក នៅ​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ទី​ពីរ​របស់​លោក គឺ​លោក​ឧត្ដមសេនីយ៍​ទោ ហ៊ុន ម៉ានិត ឲ្យ​ធ្វើ​ជា​ប្រធាន​នាយដ្ឋាន​ស្រាវជ្រាវ​ខាង​ផ្នែក​ចារកិច្ច។ ក្រោយ​មក​ទៀត នៅ​ខែ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​តែងតាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ជា ពី​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ទោ ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​បី នៃ​ក្រសួង​ការពារ​ជាតិ។ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង គឺ​នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា ឱ្យ​ធ្វើ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ។
​នេះ​នៅ​មិន​ទាន់​គិត​ដល់​កូន​មន្ត្រី​សមត្ថកិច្ច​កំពូលៗ​ជា​ច្រើន​ផ្សេង​ទៀត ដូចជា​កូនប្រុស​ពីរ​នាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង គឺ​លោក ស សុខា និង ស រដ្ឋា ត្រូវ​បាន​តែងតាំង​ពី​ថ្នាក់​ឧត្ដមសេនីយ៍​ត្រី ផ្កាយ​មាស​មួយ ទៅ​ជា​ឧត្ដមសេនីយ៍​ទោ ផ្កាយ​មាស​ពីរ។ លោក ស សុខា ក្រៅ​ពី​មាន​តួនាទី​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក​ក៏​មាន​តួនាទី​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង។
​រី​ឯ​កូន​ប្រុស​របស់​លោក ទៀ បាញ់ ឈ្មោះ ទៀ សីហា វិញ​ក៏​មាន​ឋានន្តរសក្ដិ​មិន​តូច​នោះ​ដែរ។ លោក ទៀ សីហា ក្រៅ​ពី​មាន​តួនាទី​ជា​ឧត្ដមសេនីយ៍​ទោ ពាក់​ផ្កាយ​មាស​ពីរ ខាង​ផ្នែក​យោធា​ហើយ​នោះ លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​សៀមរាប ថែម​ទៀត។
​រី​ឯ​មន្ត្រី​យោធា​តស៊ូ​ការពារ​នៅ​តាម​ព្រំដែន​វិញ ដែល​គ្មាន​សែ​រយៈ​ធំៗ កម្រ​ឃើញ​មាន​ការ​តែងតាំង​ឲ្យ​ឡើង​តួនាទី ឋានៈ បាន​ខ្ពង់ខ្ពស់​ដូច​កូន​មន្ត្រី​ធំៗ​បែប​នេះ​ណាស់។ កងកម្លាំង​យោធា​ខ្លះ​ទៀត បាន​ពលី​ជីវិត​នៅ​ក្នុង​សមរភូមិ បន្សល់​ទុក​នូវ​ប្រពន្ធ​កូន​ក្រលំបាក តោកយ៉ាក​ក៏​មាន។ យោធា​ខ្លះ​រង​គ្រោះ​ពិការ​ដៃ ដាច់​ជើង ហើយ​ធ្លាក់​ខ្លួន​ជា​អ្នក​សុំទាន​ដើម្បី​ចិញ្ចឹម​ក្រពះ​ប្រចាំថ្ងៃ​ថែម​ទៀត។
​អ្នក​វិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ កត់សម្គាល់​ថា ការ​តែងតាំង​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​សន្តិសុខ​ជាតិ និង​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា បច្ចុប្បន្ន ធ្វើ​ឡើង​តាម​រយៈ​សាច់​សាលោហិត និង​បក្ខពួក​និយម ច្រើន​ជាង​គុណបំណាច់ និង​សមត្ថភាព​ជាក់ស្ដែង​របស់​យោធា​មួយ​ចំនួន​ធំ​ទៀត ដែល​ខំ​តស៊ូ​បម្រើ​ជាតិ​រាប់​សិប​ឆ្នាំ​មក​នោះ។ លោក​ថា ការ​ធ្វើ​បែប​នេះ​ជា​សញ្ញា​បង្ហាញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​ផ្ដាច់ការ​យោធា​និយម និង​គ្រួសារ​និយម។
​ចំណែក​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ធ្លាប់​មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រួសារ​និយម និង​បក្ខពួក​និយម កម្ពុជា​គួរ​មាន​ច្បាប់​មួយ​ស្ដីពី​ទំនាស់​ផលប្រយោជន៍ ដែល​ត្រូវ​ចែង​ឱ្យ​បាន​ច្បាស់​អំពី​ការ​តែងតាំង​មុខ​តំណែង និង​តួនាទី​របស់​កូនចៅ និង​សាច់សាលោហិត​របស់​មេដឹកនាំ​ទាំង​នោះ។
លោក សន ជ័យ៖ «ប្រសិនបើ​មាន​មន្ត្រី​ផ្សេងៗ​ដែល​បាន​បំពេញ​ការងារ​យូរ​មក​ហើយ ជាពិសេស​មន្ត្រី​ដែល​មាន​វ័យ​ចំណាស់​ដែល​ពួកគាត់​មិន​បាន​ឡើង​បុណ្យ​សក្ដិ តែ​អ្នក​ផ្សេង​ដែល​មាន​ជាប់​សែស្រឡាយ​របស់​ថ្នាក់ដឹកនាំ​បែរ​ជា​បាន​ឡើង​បុណ្យ​សក្ដិ នោះ​ហើយ​គឺ​ជា​ការ​ឈាន​ទៅ​រក​គ្រួសារ​និយម។ ក៏ប៉ុន្តែ​ពេល​វេលា​នៃ​ការ​ឡើង​បុណ្យ​សក្ដិ​នេះ មិន​មែន​កើត​ឡើង​ចំពោះ​តែ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង​តែមួយ​នោះ​ទេ វា​ក៏​មាន​ការ​ដំឡើង​ឋានៈ​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​ដែរ។ បើ​យើង​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​ទំនាស់​ផលប្រយោជន៍ និង​មាន​ការ​ចែង​ឱ្យ​ច្បាស់​ពី​ទំនាស់​ផលប្រយោជន៍​នេះ​ទេ ខ្ញុំ​គិត​ថា សង្គម​កម្ពុជា យើង​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​របៀប​នេះ​ត​ទៅ​ទៀត»
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ដែល​ថា កម្ពុជា​ជា​ប្រទេស​កំពុង​មាន​ការ​ដឹកនាំ​បែប​យោធា​ផ្ដាច់ការ​និយម និង​គ្រួសារ​និយម​នោះ។ លោក​អះអាង​ថា ការ​តែង​តាំង​មុខ​តំណែង​កូនៗ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា អោយ​មាន​តំណែង​ខ្ពស់​នោះ គឺ​ជា​ការ​សក្ដិសម​បំផុត​ដោយសារ​ពួកគេ​មាន​សមត្ថភាព​ពិត​ប្រាកដ។
​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា ប្រសិនបើ​កម្ពុជា កាន់​អំណាច​ផ្ដាច់ការ​មែន​នោះ អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ស្ថិតស្ថេរ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ឡើយ៖ «ប្រសិនបើ​របប​យោធា​និយម​មែន វា​អត់​ស្ថិតស្ថេរ​រហូត​ដល់ ៣០ ៤០​ឆ្នាំ​អ៊ីចឹង​ទេ»
​ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ស្នើ​អោយ​លោក សុខ ឥសាន គួរ​តែ​ផ្លាស់​ទៅ​រស់​នៅ​ពិភព​ព្រះ​អង្គារ​វិញ​ទៅ​ប្រសើរ​ជាង ប្រសិន​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា រូប​នេះ មើល​មិន​ឃើញ​ថា ប្រទេស​កម្ពុជា កំពុង​តែ​រំលោភ​អំណាច រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ទេ​នោះ។
​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ថា ប្រទេស​ដែល​កាន់​របប​ប្រជាធិបតេយ្យ​គឺ​គ្មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង គ្មាន​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង គ្មាន​ការ​បិទ​ស្ថាប័ន​សា​ព័ត៌មាន​ឯករាជ្យ គ្មាន​ការ​ចាប់​ខ្លួន​អ្នក​កាសែត និង​គ្មាន​ការ​ហាម​អ្នក​នយោបាយ​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ​ឡើយ៖ «ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ គេ​មាន​តុលាការ​ឯករាជ្យ គេ​មាន​បណ្ដាញ​សា​ព័ត៌មាន​ឯករាជ្យ គេ​មាន​នគរបាល ប្រព័ន្ធ​យុត្តិធម៌ និង​យោធា​ដែល​មាន​វិជ្ជាជីវៈ។ ជាង​នេះ​ទៅ​ទៀត ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​គឺ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​គ្មាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង និង ការ​បំភិតបំភ័យ។ ជន​ណា​ដែល​និយាយ​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ ជន​នោះ​កំពុង​កុហក​ខ្លួន​ឯង និង​កុហក​ដល់​មហាជន​ទូទៅ។ ម្យ៉ាង​ទៀត​ដោយសារ​ជន​នោះ​បាន​ទទួល​ប្រាក់​ខែ​ពី​លោក ហ៊ុន សែន បើ​មិន​អ៊ីចឹង​ទេ ក៏​ជន​នោះ​មិន​និយាយ​សម្ដី​បែប​ឆ្កួតលីលា​ដូច្នេះ​ទេ»
​ក្រុម​អ្នក​វិភាគ​និយាយ​ថា មេដឹកនាំ​ផ្ដាច់ការ​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​ប្រើ​វិធី​ស្រដៀង​គ្នា​ទៅ​នឹង​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា​ដែរ ក្នុង​ការ​តែងតាំង​កូនៗ​របស់​ខ្លួន​ឲ្យ​មាន​តួនាទី​ធំៗ​នៅ​ក្នុង​ជួរ​កងទ័ព ជាពិសេស លោក សាអាឌី កាដាហ្វី (Saadi Gaddafi) កូនប្រុស​របស់​លោក មូអាមើ ហ្កាដាហ្វី (Muammar Gaddafi)  អតីត​មេដឹកនាំ​ប្រទេស​លីប៊ី (Libya) ធ្លាប់​ត្រូវ​បាន​ឪពុក​របស់​លោក​តែងតាំង​ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​របស់​ប្រទេស​លីប៊ី កាល​ពេល​លោក​នៅ​មាន​អំណាច។
​ក្រោយ​មក លោក សាអាឌី ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ទៅ​លើ​ប្រជាជន​លីប៊ី។ រី​ឯ​អតីត​មេដឹកនាំ​ប្រទេស​អ៊ីរ៉ាក់ (Iraq) លោក សាដាម ហ៊ូសេន (Saddam Hussein) ក៏​ធ្លាប់​តែងតាំង​កូនប្រុស​របស់​លោក​មួយ​ចំនួន​អោយ​មាន​តំណែង​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ដែរ ដូចជា​លោក អ៊ូដា ហ៊ូសេន (Uday Hussein) ត្រូវ​បាន​តែងតាំង​ជា​អគ្គ​មេបញ្ជាការ​ដែល​មាន​អំណាច​លើ​កម្លាំង​ប៉ូលិស យោធា និង​ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល។ កូន​ប្រុស​របស់​លោក សាដាម ហ៊ូសេន ម្នាក់​ទៀត​ឈ្មោះ ឃូស៊យ ហ៊ូសេន (Qusay Hussein) ក៏​ត្រូវ​បាន​លោក សាដាម ហ៊ូសេន  តែងតាំង​ជា​បញ្ជាការ​កំពូល​ខាង​ផ្នែក​កងទ័ពជើងទឹក និង​ជើង​អាកាស​ថែម​ទៀត។
​ទោះ​អ្នក​វិភាគ​លើក​ឡើង​ថា ទោះ​បី​ជា​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ដោយ​ប្រើ​វិធីសាស្ត្រ​ផ្ដាច់ការ និង​តែងតាំង​កូនចៅ​របស់​ខ្លួន​ឲ្យ​កាន់​មុខ​តំណែង​នៅ​ក្នុង​ជូរ​កងទ័ព​យ៉ាង​ច្រើន​ស្អេកស្កះ​ដូច្នេះ​ក្តី ប៉ុន្តែ​បរិបទ​ពិភពលោក​បច្ចុប្បន្ន ប្រទេស​ដែល​ដឹកនាំ​បែប​ផ្ដាច់ការ​នេះ មិន​បាន​ស្ថិតស្ថេរ​យូរ​អង្វែង​នោះ​ឡើយ ជាក់ស្ដែង​អំណាច​ផ្ដាច់ការ​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​កំពុង​ដួល​រលំ​ជា​បន្តបន្ទាប់៕ អត្ថបទ និង រូបភាព RFA 

វិទ្យុអាស៊ីសេរីខេមរៈភាសា RFA

Live Webcast from Khmer Rouge tribunal

វិទ្យុសំលេងសហរដ្ឋអាមេរិក VOA

Live Webcast from Khmer Rouge tribunal

វិទ្យុបារាំងអន្តរជាតិខេមរៈភាសា FRI

Live Webcast from Khmer Rouge tribunal

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC

Live Webcast from Khmer Rouge tribunal
© 2019 HEMCHEATV | E-mail:hemchea.info@gmail.com |Tel:+855 (0) 10 913 007 .
PHNOM PENH |CAMBOIDA
back to top